កូនទំពាំងតូចស្នងឫស្សី

ពេលចាស់លាក្ស័យអ្នកក្រោយស្នង

 

គុម្ពឫស្សីខ្ពស់សសរជ្រោង

យោងម្លប់សាយសព្វសារប្រយោជន៍

ទំពាំងជាន់ក្រោយខ្ពស់លើសចាស់

មិនល្អិតក្រិនក្រាស់អោយចាស់សើច

 

បរភ្លោះទំពាំងច្រើនគួរស្ងើច

វាតទីរាប់យោជន៍ឆ្ងាយហួសមុន

លូតទាំងកំពស់ទាំងដងខ្លួន

កើនទាំងចំនួនមិនអោយស៊ុន

 

បង្កើនប្រយោជន៍យ៉ាងគ្រប់គ្រាន់

ជូនអ្នកភូមិខ្នាន់ប្រើសព្វការ

ពេលខ្ចីឆាស្លចែកកូនចៅ

ដើមធ្វើលំនៅជូនគ្រួសារ

 

ធ្វើគ្រែទូតុអស់ភស្តុភារ

ស្លឹកខ្ចប់អាហារឆីឆ្ងាញ់មាត់

ជាមនុស្សគួរគន់អស់ទំពាំង

មិនភាំងបណ្តោយអោយខ្លួនភ្លាត់

 

កោសល្យយើងក្តាប់ក្នុងដៃជាប់

គួរ ក ផលសព្វដូចទំពាំង

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍