សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ.....
កំណាព្យMay 6, 2008 1:48 am


១ ឩសភា

គឺជាទិវា

ប្រសើរថ្លៃថ្លា

សិទ្ធិនិយោជិត

ពឹងកាយប្រាជ្ញា

ប្រឹងធ្វើកិច្ចការ

 

ដើម្បីក្រពះ ។

 

ការងារលើលោក

គ្មានអ្វីទាបថោក

មានតែបង់លះ

ពលកម្មផ្ទាល់ខ្លួន

នោះអាចជម្នះ

ថ្ងៃមុខប្រទះ

 

តែរឿងសុខា ។

 

សិទ្ធិគ្មានបំណែក

មិនអាចបែងចែក

ជក-ជិតឡើយណា

គ្មានការរំលោភ

ម៉ោងពេលធ្វើការ

ចប់ខែពេលណា

 

ទទួលបៀវត្សរ៍ ។

 

ថៅកែបំពាន

ពលកម្មត្រូវហ៊ាន

រាយការណ៍ទៅរដ្ធ

ឫដល់តំណាង

ដែលចេះច្បាប់ស្ទាត់

មិនត្រូវស្ងៀមមាត់

 

ដូចគ្មានរឿងឡើយ ។

 

ដោយ អ៊ឹង ចំរើន សិស្សភាសា អង់គ្លេសវិទ្យាស្ថានអន្តរទ្វីបអាមេ រិកកាំង

   
     

កំណាព្យ 1:28 am


ពីមុនយើងល្បីល្បាញបវរ

ជំនាន់អង្គរគ្មានអ្នកប្រៀប

 

ឥឡូវហេតុអ្វីធ្លាក់ខ្លួនទាប

លង់ឃ្នៀបកម្លៅងើបមិនផុត ?

 

ពីមុនខ្មែរយើងចេះស្រឡាញ់

សាមគ្គីមូលមិញល្អមរកត

 

ឥឡូវបែកបាក់បក្សក្រុមម៉ដ្ធ

ចង្អុលកាយកត់ចាប់ទោសគ្នា

ពីមុនខ្មែរខ្លាំងការនគរ

ខ្មាំងផាយជ្រុះខោមិនតវ៉ា

 

ឥឡូវខ្សោយចុះខ្សោះនាមា

ក្លាយទន់ទុរាស្មូមជំនួយ

នេះព្រោះហេតុអ្វីសូមពិចារណ៍

ខ្លួនខ្សោយត្រង់ណាឆាប់ងើបជួយ

 

ស្រង់ខ្លួនផុតជ្រាំនាំទុក្ខព្រួយ

ឈប់ស្រែកយំខ្វើយហៅគេហុច

ធ្លាប់ខុសងើបកែហៅបណ្ឌិត

មិនល្ងិតធ្មេចល្ងង់ជាប់ជុងផុង

 

មិនបណ្តោយខ្លៅជាន់ខ្លួនលិច

ងើបខាត់រំលេចល្អលើសមិន

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍

   

កំណាព្យ 1:17 am


កូនទំពាំងតូចស្នងឫស្សី

ពេលចាស់លាក្ស័យអ្នកក្រោយស្នង

 

គុម្ពឫស្សីខ្ពស់សសរជ្រោង

យោងម្លប់សាយសព្វសារប្រយោជន៍

ទំពាំងជាន់ក្រោយខ្ពស់លើសចាស់

មិនល្អិតក្រិនក្រាស់អោយចាស់សើច

 

បរភ្លោះទំពាំងច្រើនគួរស្ងើច

វាតទីរាប់យោជន៍ឆ្ងាយហួសមុន

លូតទាំងកំពស់ទាំងដងខ្លួន

កើនទាំងចំនួនមិនអោយស៊ុន

 

បង្កើនប្រយោជន៍យ៉ាងគ្រប់គ្រាន់

ជូនអ្នកភូមិខ្នាន់ប្រើសព្វការ

ពេលខ្ចីឆាស្លចែកកូនចៅ

ដើមធ្វើលំនៅជូនគ្រួសារ

 

ធ្វើគ្រែទូតុអស់ភស្តុភារ

ស្លឹកខ្ចប់អាហារឆីឆ្ងាញ់មាត់

ជាមនុស្សគួរគន់អស់ទំពាំង

មិនភាំងបណ្តោយអោយខ្លួនភ្លាត់

 

កោសល្យយើងក្តាប់ក្នុងដៃជាប់

គួរ ក ផលសព្វដូចទំពាំង

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍

   

កំណាព្យMay 5, 2008 4:18 pm


ព្រះម៉ែយកខ្នងបាំងកម្តៅថ្ងៃ

យកទ្រូងថ្លើមថ្លៃធ្វើទីជម្រក

 

គុណម៉ែជាម្លប់ឲ្យកូនបានជ្រក

ខ្នងម៉ែពងពកកូនសុខនោរម្យ

 

របស់សំខាន់គឺខ្លួនប្រាណម៉ែ

តែម៉ែបង្វែរយកជាទ្រនំ

 

ម៉ែខ្លាចព្យុះភ្លៀងចាញ់ខ្លាចកូនយំ

កូនរស់បានធំម៉ែលាចាកកូន

 

ព្រះគុណរបស់ឳ

ជាឋានព្រហ្មជំរំកូន

 

ព្រះបង្កើតកូនមានឈ្មោះថាឳ

មិនមែនព្រះនៅក្នុងសួគ៌ាឋាន

 

គុណឳមាននៅក្នុងចិត្តសន្តាន

កូនបានសុខសាន្តព្រោះ​​​​​​​​​​​​​​​​​​​​​​​ឳជាព្រហ្ម

 

របស់ពិសេសគឺកូនឳពិត

ឳប្តូរជីវិតប្រឹងសាងជំរំ

 

ឳធ្វើការខ្លាំងនឿយហត់ប៉ុនភ្នំ

តែសុខមនោរម្យព្រោះឃើញមុខកូន

កំណាព្យ 4:07 pm


រុក្ខជាតិល្អស្រស់លំអរព្រឹក្សព្រៃ

សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ

 

សេចក្តីប្រាថ្នាលំអរតម្រេក

ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត

រស់នៅមានធម៌លំអរសន្តាន

ទោះមានឫបានលំអរការគិត

 

តែប្រាថ្នាច្រើនលំអរទុច្ចរិត

បើទាស់គំនិតលំអរគិតអប្រិយ

(ដោយសាមណេរសួនសេរី)

   

“Previous”“Next”